សម្តេចធិបតី៖ ដរាបណាប្រជាពលរដ្ឋនៅបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនឹងបន្តខិតខំកសាងសមិទ្ធផលថ្មីៗជាច្រើនទៀតដើម្បីបម្រើដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅ បន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុ ជានឹងបន្តខិតខំកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀតដើម្បីបម្រើដល់បងប្អូនជានិច្ច។
សម្ដេចធិបតីមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ដែលបានបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតរៀងមក ហើយសម្តេចសូមប្តេជ្ញាថា គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើដល់បងប្អូនប្រជាពលរដ្ឋដើម្បីជាការតបស្នងសងគុណដល់បងប្អូន៕