សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នតម្រូវការរបស់ពលរដ្ឋ គឺទំនើបកម្ម បច្ចេកវិទ្យា និងការដោះស្រាយតម្រូវការបានលឿន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្រាប់ពេលបច្ចុប្បន្ននេះតម្រូវការរបស់ប្រជាពលរដ្ឋ គឺទំនើបកម្ម បច្ចេកវិទ្យា និងការដោះស្រាយតម្រូវការបានលឿន។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មន្ទីរពេទ្យតេជោសែនកោះធំ” ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកមន្ទីរពេទ្យ តេជោសែនកោះធំ គឺជាមន្ទីរពេទ្យមួយ ដែលធំ ហើយបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ មន្ទីរពេទ្យអាចទទួលព្យាបាលពលរដ្ឋបានជាង ៦០ម៉ឺននាក់ ហើយនៅបណ្តាឆ្នាំខាងមុខៗ អាចរហូតដល់ខ្ទង់លាននាក់ឯណោះ។
សម្តេចបញ្ជាក់ថា «អ្វីដែលយើងត្រូវធ្វើ អ្វីដែលយើងត្រូវគិតនោះគឺ ការបង្កា ការជួយសង្គ្រោះ និងការប្រតិបត្តិជាក់ស្តែង ដែលត្រូវការនូវពេទ្យជំនាញ ត្រូវការនូវឧបករណ៍ទំនើប។ យើងត្រូវធ្វើវិមជ្ឈការ និងជំរុញធ្វើយ៉ាងណាដើម្បីមិនឱ្យបងប្អូនប្រជាពលរដ្ឋចាំបាច់ត្រូវធ្វើដំណើរទៅព្យាបាលនៅភ្នំពេញនៅពេលពួកគាត់ឈឺខ្លាំងនោះទេ ព្រោះនៅទីនេះក៏អាចព្យាបាលជូនពួកគាត់បានដែរ»។
សម្តេចធិបតីបន្ថែមថា ពីដំបូងឡើយប្រជាពលរដ្ឋនៅទីនេះប្រហែលជាមិនជឿទេចំពោះគម្រោងការសាងសង់មន្ទីរពេទ្យដ៏ធំនេះ តែផ្ទុយទៅវិញវាបានក្លាយទៅជាការពិត ដោយមិនដល់ ២ឆ្នាំ ផងវាបានកើតឡើងនូវអគារ រួមទាំងការបំពាក់នូវសម្ភារពេទ្យអស់ជាង ៤លានដុល្លារអាម៉េរិកថែមទៀតផង ដែលធ្វើឱ្យវាក្លាយជាមន្ទីរពេទ្យបង្អែកស្រុកធំជាងគេ។
សម្តេចធិបតីថ្លែងបន្ដថា ថ្ងៃក្រោយនៅកន្លែងផ្សេងៗទៀត អាចនឹងមាន ហើយមានក្នុងលក្ខណៈនៃការប្រកួតប្រជែងគ្នាថែមទៀតផង ដែលនេះគឺជាកិច្ចការសំខាន់របស់យើង ព្រោះវិមជ្ឈការនៃការទទួលខុសត្រូវគឺសំខាន់ណាស់ ក្នុងនោះវិស័យសុខាភិបាលត្រូវតែធ្វើឱ្យបាន លឿនជូនប្រជាពលរដ្ឋ យើងត្រូវតែធ្វើវិមជ្ឈការសម្រាប់សេវាសាធារណៈ ព្រោះឯកសារអាចចាំបាន តែជីវិតមនុស្សមិនអាចចាំបានទេ ៕