សម្តេចធិបតី៖ រយៈពេល៦ខែនេះ មានគម្រោងវិនិយោគថ្មីចំនួន១៧៣ មកចុះបញ្ជីវិនិយោគនៅកម្ពុជាដែលមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គម្រោងថ្មីរយៈពេល៦ខែ មាន១៧៣គម្រោងមកចុះបញ្ជីវិនិយោគនៅកម្ពុជា និងមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា គម្រោងទាំង១៧៣នោះ ត្រូវបានចុះបញ្ជីនៅ CDC រួចរាល់ហើយ ថែមទាំងមានការជ្រើសរើសទីតាំងថែមទៀតផង ដែលត្រូវបានគេព្យាករថា គម្រោងទាំងនេះ នឹងផ្តល់ឱកាសការងារជាង១៧ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបន្តខិតខំប្រឹងប្រែងលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជាដើម្បីបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ ៕