សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថិកា ដល់កងទ័ពមានជីវភាពលំបាកខ្វះខាត នៅស្រុកសន្ទុក
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំសហការី នៃផ្នែកគិលានដ្ឋាន នាំយកស័ង្កសី គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនលោកអនុសេនីយ៍ត្រី ហុង គឹមហួន ជំនួយការផ្នែកគិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានជម្រកស្នាក់នៅមិនសមរម្យ និងមានជីវភាពលំបាកខ្វះខាត រស់នៅភូមិទក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ណែនាំឲ្យថ្នាក់ដឹកនាំត្រូវមានគុណធម៌ចំពោះអ្នកនៅក្រោមឱវាទ ពិសេសត្រូវគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនឲ្យបានសមរម្យ ហើយត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស័ង្កសីចំនួន១០០សន្លឹក អង្ករចំនួន ៥០ គីឡូក្រាម មីជាតិចំនួន ពីរកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ ត្រីខកំប៉ុងចំនួនពីរយួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងថវិកាចំនួន ២,០០០,០០០ រៀល ដែលជាជំនួយឧបត្ថម្ភរបស់អង្គភាព និងយោធិនរួមការងារ ជួយឧបត្ថម្ភជូនលោកអនុសេនីយ៍ត្រី ហុង គឹមហួន សម្រាប់ជួសជុលជម្រកស្នាក់នៅឲ្យបានសមរម្យ និងជួយសម្រាលដល់ការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ ។
លោកអនុសេនីយ៍ត្រី ហុង គឹមហួន និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី នៃផ្នែកគិលានដ្ឋាន និងសុខាភិបាល ដែលមាននាំយកថវិកា ស័ង្កសី និងគ្រឿងឧបភោគបរិភោគ មកជួយឧបត្ថម្ភដល់រូបគាត់ ដែលមានជម្រកស្នាក់នៅមិនសមរម្យនៅពេលនេះ និងបានគោរពថ្លែងអំណរគុណ សម្តេច លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ទាំងអស់ ដែលតែងតែមានគុណធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក សូមមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕