សម្តេចធិបតី៖ រយៈពេល៦ខែកន្លងមក រាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ប្រជាពលរដ្ឋ ៦,៨លាននាក់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ប្រជាពលរដ្ឋ ៦,៨លាននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ក្នុងចំណោមប្រជាពលរដ្ឋ៦លាន៨សែននោះរួមមាន៖
ទី១-សមាជិក បសស ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តសរុបជាង២លាន១សែននាក់
ទី២-មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យចំនួន៤៩ម៉ឺនគ្រួសារស្មើនឹង១លាន៨សែននាក់
ទី៣-មូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋនៃគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មាន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន២លាន៨សែននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនទៅដល់ប្រជាជននៃក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង១០ម៉ឺននាក់ផងដែរ ៕