ការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានចូលរួមជាមួយរាជរដ្ឋាភិបាល ដោយសម្រេចការងារជាអាទិភាពជាច្រើន
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានបញ្ជាក់ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីលទ្ធផលការងារក្នុងដំណាក់កាល ៦ខែដំបូង រួមបញ្ចូលទាំងការអនុវត្តគោលនយោបាយអាទិភាពទាំង៦ សម្រាប់ការអនុវត្តភ្លាមនៅឆ្នាំ២០២៣ និងវិធានគន្លឹះទាំង៥ ដើម្បីជំរុញបន្ថែមល្បឿនលើការងារកំណែទម្រង់មួយចំនួនក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័ន រឹងមាំ ព្រមទាំងធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈ មួយប្រកបដោយជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងមានសមិទ្ធកម្មជាក់លាក់។
តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្រសួងមុខងារសាធារណៈ បានឱ្យដឹងបន្តថា ជុំវិញការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចូលរួមសម្រេចបានការងារជាអាទិភាពជាច្រើនរួមមាន៖
១. ការជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០នាក់ តាមរយៈការប្រឡងប្រជែងឈរគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព
២. ការរៀបចំនិយាមនីតិវិធីប្រតិបត្តិ (SOP) ស្តីពីការជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានអនុវត្តសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិលជូនក្រសួងស្ថាប័ននានា
៣. ការងារពិនិត្យ និងវិភាគមុខងារក្រសួង ស្ថាប័ន
៤. ការរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មនិង៥. ការរៀបចំសេចក្តីព្រាងផែនការឆ្នាំ២០២៤-២០២៨ សម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ រួមជាមួយការងារដទៃផ្សេងទៀតក្នុងនាមជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទំរង់រដ្ឋបាលសាធារណៈ (គ.ក.ស.) និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.)។
គួរបញ្ជាក់បផងដែរថា ព្រឹកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនដូចជា៖ ១-សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ , ២-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧ និង៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕