សម្ដេចធិបតី ណែនាំឱ្យសម្រួលម៉ោងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញការណែនាំជាថ្មីដល់ប្រតិបត្តិការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ដោយធ្វើយ៉ាងណាមន្ដ្រីនគរបាលដែលជាអ្នកអនុវត្តច្បាប់ ត្រូវកែសម្រួលម៉ោងត្រួតពិនិត្យមួយចំនួន។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការណែនាំឲ្យមន្ដ្រីធ្វើការកែសម្រួលម៉ោងត្រួតពិនិត្យជាតិស្រវឹងនេះ ដើម្បីកាត់បន្ថយសម្ពាធទៅលើបណ្ដាភោជនីយដ្ឋាននានា ដែលរងផលប៉ះពាល់ជាយថាហេតុ ដោយសារវិធានការរឹតបន្ដឹងការត្រួតពិនិត្យគ្រឿងស្រវឹងនៅពេលយប់។ ប៉ុន្ដែសម្ដេចបានណែនាំឲ្យបង្កើនវិធានការអប់រំពាក់ព័ន្ធគ្រោះថ្នាក់បណ្ដាលមកពីគ្រឿងស្រវឹង ទន្ទឹមនឹងការពង្រឹងវិធានការច្បាប់។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តការ ត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីគ្រឿងស្រវឹងនាពេលកន្លងមក។
បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏មិនភ្លេចណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាក្រសួងមហាផ្ទៃ ត្រូវតែបន្តការត្រួតពិនិត្យលើល្បែងស៊ីសង និងផ្សងសំណាងឲ្យមានប្រសិទ្ធភាព៕