មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ដាក់ផែនការឲ្យគ្រប់បណ្ដាកងឯកភាពចំណុះ បង្កើនការអប់រំយោធិន ដើម្បីពង្រឹងវិន័យកាន់តែល្អប្រសើរ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានដាក់ផែនការដល់គ្រប់បណ្ដាកងឯកភាពចំណុះកងពលត្រូវតែយកចិត្តទុកដាក់ខ្ពស់ អប់រំដល់យោធិនស្ថិតក្រោមការគ្រប់គ្រង គោរពឱ្យបានជានិច្ចនូវក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ ឈរ សុខ ក៏បានបញ្ជាក់យ៉ាងច្បាស់ថានៅក្នុងអាណត្តិទី៧ នេះរាជរដ្ឋាភិបាលត្រូវការចាំបាច់នូវចំណុចសំខាន់ៗ៥គឺ ធនធានមនុស្ស ផ្លូវល្អ ទឹកគ្រប់គ្រាន់ ភ្លើងប្រើប្រាស់តាមសេចក្តីត្រូវការ និងបច្ចេកវិទ្យាឌីជីថល។
នៅចុងបញ្ចប់ឧត្តមសេនីយ៍ទោ ឈរ សុខ ក៏បានកោតសរសើរដល់គ្រប់បណ្ដាកងឯកភាពទាំងអស់ ដែលមានការគោរពបទបញ្ជា របស់កងយោធពលខេមរភូមិន្ទ បានល្អ គឺយោធិនទាំងអស់ក្នុងកងពលតូចដឹកជញ្ជូនលេខ៩០ ពុំមានប្រព្រឹត្តបទល្មើសផ្សេងៗ និងគ្រឿងញៀនខុសច្បាប់ ៕