សម្ដេចធិបតី៖ ខេត្តសៀមរាបបានប្រែពីកន្លែង ដែលឮតែសូរកាំភ្លើងយន្ត មកជាកន្លែងដែលឮសំឡេងសប្បាយរីករាយនៃភ្ញៀវទេសចរ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនេះកម្ពុជា បានរំលឹកអំពីប្រវត្តិនៃសង្គ្រាមរបស់កម្ពុជា ជាពិសេសទាក់ទងជាមួយទឹកដីខេត្តសៀមរាប ដែលបានប្រែពីទីកន្លែងដែលឮសូរតែសំឡេងកាំភ្លើងយន្ត មកជាកន្លែងដែលឮសំឡេងសប្បាយរីករាយនៃភ្ញៀវទេសចរ ។
ក្នុងពិធីបើកបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកពេលដែលសម្ដេចបានជួបពិភាក្សាការងារ ជាមួយនឹងនាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្ដម អេនថូនី អាល់បានីស៊ី ដែលបានមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៤។ ឯកឧត្ដមអេនថូនី អាល់បានីស៊ី បានលើកឡើងថាក្នុងពេលដែលឯកឧត្ដមមកទស្សនាកម្ពុជាអំឡុងពេលនោះគឺពុំមានភ្ញៀវទេសចរណ៍នោះទេ ហើយសំឡេងដែលឮសូរនៅពេលនោះគឺជាសំឡេងកាំភ្លើងយន្តតែមួយគត់។
សម្ដេចបានលើកឡើងថា នៅពេលនេះសៀមរាបគឺឮសូរតែសំឡេងសប្បាយរីករាយនូវភ្ញៀវទេសចរណ៍ប៉ុណ្ណោះ ហើយភាពសប្បាយរីករាយនេះគឺមកពីផ្លែផ្កានៃសន្តិភាពរបស់ប្រទេសកម្ពុជាដែលទទួលបាន។
គួរដឹងដែរថា កម្ពុជាអនុវត្តគោលនយោបាយឈ្នះឈ្នះបានសម្រេចជោគជ័យនៅចុងខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំឲ្យកម្ពុជាទទួលបានសន្តិភាពពេញលេញបន្ទាប់ពីឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ផ្លែផ្កានៃសន្តិភាពទាំងនេះហើយទើបបានបើកឲ្យកម្ពុជា ទទួលបាននូវការវិនិយោគពីបរទេស ទេសចរណ៍ និងមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ៕