សម្តេចធិបតី ឱ្យក្រសួងការងារ ធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ រៀបចំស្វាគមន៍ពលករខ្មែរត្រឡប់មកពីថៃ ក្នុងឱកាសចូលឆ្នាំថ្មី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរខេត្តជាប់ព្រំដែន រៀបចំស្វាគមន៍ពលករខ្មែរដែលត្រឡប់មកពីថៃ ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកពិធីបុណ្យទន្លេលើក ទី៨ នៅក្នុងខេត្តសៀមរាប នៅព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុ ម៉ាណែត បានបញ្ជាក់ថា «ហើយម្សិលមិញ ខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម ហេង សួរ ធ្វើការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបណ្តាខេត្តជាប់ព្រំដែន ពេលចូលឆ្នាំបងប្អូនពលករយើងហ្នឹងត្រឡប់មក ពីប្រទេសថៃវិញ ស្វាគមន៍តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីមានភាពកក់ក្តៅ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា សម្តេចបានចរចាជាមួយនាយករដ្ឋមន្ត្រីរបស់ថៃ កាលកំឡុងសម្តេចអញ្ជើញទៅបំពេញបេសកកម្មនៅប្រទេសថៃ ដោយភាគីថៃ បានឯកភាពមិនឱ្យពលករខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ។
សម្តេចធិបតី ក៏បានណែនាំរៀបចំភ្លេងឆៃយាំស្វាគមន៍អ្នកទេសចរនៅតាមព្រលានយន្តហោះ ស្វាគមន៍អ្នកទេសចរចូលមកលេងកម្សាន្តនៅកម្ពុជា ៕