បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹងនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា និងទិសដៅអនុវត្តបន្តខែមេសា របស់គណៈកម្មការ គ.ត.វ.
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា និងទិសដៅអនុវត្តបន្តខែមេសា របស់គណៈកម្មការ គ.ត.វ.។
ការអនុវត្តរបបប្រជុំប្រចាំខែបានទៀតទាត់ គឺជាយន្តការមួយដែលឯកឧត្តមរដ្ឋមន្រ្តី បានយកចិត្តទុកដាក់ ដោយចាត់ទុកថាជាការប្រជុំតាមដាន និងវាយតម្លៃការងារ ដោយមានការចូលរួមពីឯកឧត្តម ជី ស៊ីថា ,ឯកឧត្តមបណ្ឌិត លឹម អ៊ីវ ឯកឧត្តម ជ្រាយ ប៉ុម និងឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា និងលេខាធិការដ្ឋាន គ.ត.វ. សរុបចំនួន ៣៧រូប (ស្រ្តី ០២រូប)។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមកម្មវិធី និងរបៀបវារៈដែលបានគ្រោងទុក និងបានពិភាក្សាគ្នាយ៉ាងផុលផុសអំពីវឌ្ឍនភាពការងារដែលសម្រេចបាន និងទិសដៅអនុវត្តបន្ត ព្រមទាំងបាន ផ្តល់នូវធាតុចូលល្អៗ ពាក់ព័ន្ធនឹង៖
១).ការចុះត្រួតពិនិត្យ និងការពង្រឹងគុណភាពផ្លូវ(ជំពូក២១)
២).មូលដ្ឋាន នៃការចុះត្រួតពិនិត្យការថែទាំខួប និងការថែទាំប្រចាំ(ជំពូក៦១)
៣).នីតិវិធីនៃការចុះត្រួតពិនិត្យ,
៤).ការបណ្តុះ បណ្តាលមន្រ្តីជំនាញចុះត្រួតពិនិត្យគុណភាព
៥).ការបណ្តុះបណ្តាលមន្រ្តីមន្ទីរពិសោធន៍អំពីរបៀប និងការប្រើប្រាស់ឧបករណ៍ពិសោធន៍ និងការថែទាំឧបករណ៍ពិសោធន៍
៦).ការស្វែងរកដៃគូ មកជួយធ្វើការបណ្តុះបណ្តាល។
ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នាលើអ្វីដែលបានពិភាក្សាគ្នា និងគោរពទទួលយកអនុសាសន៍ណែនាំ របស់ឯកឧត្តមរដ្ឋមន្រ្តី យកទៅអនុវត្តបន្ត ដែលមានខ្លឹមសារដូចខាងក្រោម៖
១.គណៈកម្មការ គ.ត.វ. នឹងគោរពស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមមន្រ្តី រៀបចំការបណ្តុះបណ្តាល ដល់មន្រ្តីបច្ចេកទេសត្រួតពិនិត្យគុណភាពផ្លូវ និងសំណង់សិល្បការ្យ និងមន្រ្តីមន្ទីរពិសោធន៍ ដោយខិតខំ ស្វែងរកដៃគូមកជួយបណ្តុះបណ្តាល នៅពេលឆាប់ៗខាងមុខនេះ។
២.គណៈកម្មការ គ.ត.វ. ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អ ជាពិសេសបង្កើនការយកចិត្តទុកដាក់លើការពង្រឹងគុណភាពនៃការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បការ្យ ដើម្បី ប្រើប្រាស់ឲ្យបានយូរអង្វែង និងមានភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ។
៣.កងវិស្វកម្ម និងក្រុមហ៊ុនដេញថ្លៃទាំងអស់ ត្រូវអនុវត្តការងារទៅតាមនីតិវិធីរដ្ឋបាល គោរពឲ្យបានតាមបទដ្ឋានបច្ចេកទេស ការងារបើកការដ្ឋាន ការពន្យាកិច្ចសន្យា និងការអញ្ជើញគណៈកម្មការ គ.ត.វ ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងទៅតាមដំណាក់កាលនីមួយៗ នៃការអនុវត្តគម្រោង ជាពិសេសការ បើកការដ្ឋាន ត្រូវមានការឯកភាពជាមុនពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចុះត្រួត ពិនិត្យត្រឹមត្រូវពី គ.ត.វ។ ដោយឡែកចំពោះការសុំពន្យាកិច្ចសន្យា ក៏ត្រូវមានមូលហេតុត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវឯកសារ ឬ រូបថត ដែលបញ្ជាក់ពីមូលហេតុនៃការស្នើសុំពន្យាពេល។
៤.គណៈកម្មការ គ.ត.វ. ត្រូវយកចិត្តទុកដាក់ និងពង្រឹងការងារពិសោធន៍ឱ្យមានគុណភាព និងបានទាន់ ពេលវេលា និងការចុះបញ្ជី មន្ទីរពិសោធន៍ ឲ្យមានការទទួលស្គាល់ត្រឹមត្រូវទៅតាមច្បាប់ជាធរមាន។
៥.គណៈកម្មការ គ.ត.វ. ត្រូវធ្វើការបន្តធ្វើការជាមួយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ដើម្បីឲ្យគណៈកម្មការ គ.ត.វ.អាចបំពេញការងាររបស់ខ្លួនទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
៦.គណៈកម្មការ គ.ត.វ. ត្រូវពិនិត្យឡើងវិញលើខ្លឹមសារនៃកំណត់ហេតុចុះត្រួតពិនិត្យ និងរបាយការណ៍ចុះ ត្រួតពិនិត្យស្របតាមបទដ្ឋានបច្ចេកទេស និងធានាបាននូវគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាព ស្របតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ ពង្រឹងគុណភាព ៧០% និងពង្រីក ៣០%។
៧.ថ្នាក់ដឹកនាំគណៈកម្មការ គ.ត.វ. ត្រូវធ្វើការពិនិត្យ និងកែសម្រួលឡើងវិញ អំពីតួនាទីភារកិច្ចជាមួយ នាយកដ្ឋានផ្លូវលំជនបទ ជៀសវាងការជាន់ភារកិច្ចគ្នា ប៉ុន្តែត្រូវផ្តោតជាសំខាន់លើការងារត្រួតពិនិត្យ គុណភាពជាចម្បង។
៨.ថ្នាក់ដឹកនាំគណៈកម្មការ គ.ត.វ. ត្រូវពិនិត្យឡើងវិញអំពីដំណាក់កាលនៃការត្រួតពិនិត្យ ដូចមានចែងនៅ ក្នុងឧបសម្ព័ន្ធ១ នៃសេចក្តីសម្រេចលេខ ២៣០ ស្តីពីការបង្កើតគណៈកម្មការ គ.ត.វ. ៕