រដ្ឋបាលខេត្តព្រះវិហារ បញ្ជាក់ថា ពលរដ្ឋដែលផឹកថ្នាំស្មៅសម្លាប់ខ្លួន ផ្តើមចេញពីវិបត្តិគ្រួសារ ពុំពាក់ព័ន្ធនឹងករណីអនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះទេ
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះវិហារ បានចេញមកបញ្ជាក់ថា ពលរដ្ឋម្នាក់ដែលផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន នៅក្នុងភូមិក្តាក់ ឃុំស្រយង់ ស្រុកគូលែន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នោះ ផ្តើមចេញពីវិបត្តិគ្រួសារ ពុំពាក់ព័ន្ធទៅនឹងករណីអនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះនោះទេ។
ការចេញមកបញ្ជាក់ការពិតនេះ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានក្រៅប្រទេស រួមទាំងបណ្តាញសង្គមមួយចំនួនបានផ្សាយថាថា មានស្ត្រីម្នាក់រត់ចូលព្រៃ ហើយបានផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ក្រោយអាជ្ញាធរបង្ក្រាបនៅក្រុមហ៊ុនសិលាដាម៉ិច។
បើតាមអាជ្ញាធរ ស្ត្រីដែលបានផឹកថ្នាំបាញ់ស្មៅសម្រាប់ខ្លួនខាងលើនេះមានឈ្មោះ ហែម ឡី រស់នៅក្នុងភូមិក្តាក់ ឃុំស្រយង់ ស្រុកគូលែន។ តាមការសាកសួរព័ត៌មានពីប្ដី ឈ្មោះ នួន ហេង និងកូនប្រសារឈ្មោះ សុខា យាប់ពិបាន និងមេភូមិក្តាក់ ឈ្មោះ នួន យុន បានបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយផឹកថ្នាំស្មៅមែន។
អាជ្ញាធរ បានបញ្ជាក់ថា ទន្ទឹមនឹងនេះ គាត់មានវិបត្តិគ្រួសារ ថ្ងៃកើតហេតុថ្ងៃទី៩ មីនា ដោយប្តីប្រពន្ធគាត់បានឈ្លោះប្រកែកគ្នា និងប្រតាយប្រតប់គ្នា។ កូនប្រសារបានចូលទៅឃាត់ និងជូនឪពុកក្មេកទៅផ្ទះនៅឯភូមិ បន្ទាប់ពីកូនប្រសារត្រឡប់មកខ្ទមដីចម្ការវិញ ក៏ឃើញម្ដាយក្មេកមានអាការៈមិនស្រួល ក៏បញ្ជូនគាត់ទៅព្យាបាលនៅពេទ្យខេត្ត និងបញ្ជូនបន្តទៅពេទ្យ ខេត្តសៀមរាប។
អាជ្ញាធរ បានបញ្ជាក់ទៀតថា ក្រុមគ្រួសាររបស់ពួកគាត់ក៏ពុំបានរត់ចូលទៅរស់នៅក្នុងព្រៃគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរដូចការផ្សាយនោះដែរ។ ចំពោះជីវភាពក្រុមគ្រួសាររបស់គាត់ គឺគាត់មានផ្ទះធំនៅឯភូមិ និងមានដីអាស្រ័យផលលើដីសហគមន៍ចំនួន ២ហិចតា និងលើដីសម្បទានសេដ្ឋកិច្ចចំនួន ២ហិចតា (ដែលបានដកហូត) ៕