ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ចំពោះមរណភាព ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនបង្កើត
ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារចំពោះមរណភាព ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលជាប្អូនប្រុសបង្កើត។
នៅក្នុងសារលិខិតរំលែកមរណទុក្ខមានខ្លឹមសារយ៉ាងដូច្នេះថា សម្តេចមហារដ្ឋសភាធិការធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើត របស់សម្តេចមហារដ្ឋសភាធិការធិបតី បាន ទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០ នាទីរសៀល ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំសូមគោរពចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំនេះជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះ អាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវប្អូនប្រុសបង្កើត ស្វាមី ឪពុក ឪពុកក្មេក និង ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ និងក្រុមគ្រួសារ។
ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឃួន ផល្លារិទ្ធ បានទៅកាន់ឋានបរមសុខក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕