ម្សិលមិញ! សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៥ករណី ឃាត់ខ្លួន៧៥នាក់
ភ្នំពេញ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ សមត្ថកិច្ចក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៥ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៧៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន១០ករណី ឃាត់ខ្លួនបាន១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន លួច ឆបោក និងអំពើហិង្សាជាដើម។ ជាការកត់សម្គាល់ ជាកម្រិតបទល្មើសមជ្ឈិម ពុំមានបទល្មើសថ្នាក់ឧក្រិដ្ឋទេ។
ចំណែកឯ ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរង បន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន១៥ករណី ឃាត់ខ្លួនបាន៣៣នាក់ និងរឹបអូសសារធាតុសង្ស័យគ្រឿងញៀនចំនួន២០០,០៨ក្រាម។ ទន្ទឹមនេះ បង្ក្រាបក្មេងទំនើង បាន៣ករណី ឃាត់ខ្លួន៦នាក់ ដោយចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្ម។ នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន៤ករណី ឃាត់ខ្លួន១៨នាក់ ប៉ុន្តែមិនកសាងសំណុំរឿងទៅតុលាការទេ ត្រឹមចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិ។
ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕