ត្រូវដឹងអ្វីខ្លះ ក្រោយការវះកាត់ ប្តូរប្រឺសបេះដូង?
សុខភាព៖ នៅក្នុងបេះដូងមនុស្សធម្មតាមានប្រឺស (Valves) ចំនួន៤ ។ ចំនួន២ នៅបេះដូងខាងឆ្វេង គឺប្រឺសមីត្រាល់ (Valve mitrale) និងប្រឺសសរសៃឈាមអាអក (Valve aortique)។ ចំនួន២ទៀត នៅបេះដូងខាងស្តាំ គឺប្រឺសទ្រីគុយស្ពិត (Valve triscupide) និងប្រឺសសរសៃឈាមសួត (Valve pulmonaire)។ ប្រឺសទាំង៤មានសារៈសំខាន់ណាស់នៅក្នុងការធានាលំហូរឈាមពីថតមួយទៅថតមួយ រឺពីថតមួយទៅសរសៃឈាមណាមួយ។
ជំងឺប្រឺសបេះដូង មានមូលហេតុបង្កច្រើនយ៉ាង ដែលក្នុងនោះមួយផ្នែកធំ គឺបណ្តាលមកពីជំងឺរលាកឈឺបំពង់ក (Angine de la gorge) ដែលបណ្តាលមកពីមេរោគឈ្មោះ ស្ត្រិបតូកូក (Streptocoque ẞ hémolytique de groupe A)។ ក្នុងកំឡុងនៃការព្យាបាលជំងឺឈឺបំពង់ក ដោយលេបថ្នាំផ្សះ (Antibiotiques) មិនបានត្រឹមត្រូវ និងគ្រប់ចំនួន អាចបង្កអោយកើតជាជំងឺប្រឺសបេះដូងទៅថ្ងៃក្រោយ (Valvulopathies rhumatismales)។ ក្រៅពីមូលហេតុនេះក៏អាចមានមេរោគផ្សេងៗទៀត រឺក៏ប្រឺសបេះដូងមនុស្សចាស់ ក៏អាចបង្កជាជំងឺប្រឺសបេះដូងដែរ (Endocardite, valve dégénérative…)។
ក) រោគសញ្ញានៃជំងឺប្រឺសបេះដូង៖
– ហត់ដង្ហក់ៈ ចាប់ពីការបញ្ចេញកំលាំងតិចតួច រហូតដល់កម្រិតធ្ងន់ (Dyspnée d’effort) រឺដេកសម្រាកក៏ហត់ (Orthopnée)
– ហើមសួត (Œdème aiguë du poumon)
– ញ័រដើមទ្រូង (Palpitation)
– ហើមជើង (Œdème des membres inférieurs)
– ថ្លើមរីក និងឈឺ (Hépatomégalie & Hépatalgie)
ខ) វិធីព្យាបាល៖
ជំងឺប្រឺសបេះដូង គឺអាចប្រើប្រាស់ថ្នាំ បើជាដំណាក់កាលតិចតួចល្មម។ ក្នុងដំណាក់កាលធ្ងន់ធ្ងរ គឺមានតែការវះកាត់ ជួសជុល រឺប្តូរប្រឺសបេះដូងទេ ទើបអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន។
យោងទៅតាមលក្ខខ័ណ្ឌវេជ្ជសាស្ត្រ ការវះកាត់ប្តូរប្រឺសបេះដូងអាចមាន២ជម្រើស៖
១) ប្តូរប្រឺសប៊ីយូលូស៊ិច (Valve biologique): ប្រឺសនេះមានអាយុកាលខ្លី ប៉ុន្តែមិនតំរូវអោយប្រើថ្នាំមួយជីវិតឡើយ ហើយវាជាប្រឺសដែលគេចម្រាញ់ចេញពីសត្វជ្រូក។
២) ប្តូរប្រឺសមេកានិច (Valve mécanique): ជាប្រឺសធ្វើឡើងអំពីដែក មានអាយុកាលវែង ប៉ុន្តែតំរូវអោយប្រើថ្នាំពង្រាវ ឈាម (Anti-vitamine K) មួយជីវិត ។
គ) តើលោកអ្នកគួរយល់ដឹងអំពីអ្វីខ្លះ ក្រោយធ្វើការវះកាត់ប្តូរប្រឺសមេកានិច (ប្រឺសដែក Valve mécanique)?
១) បន្ទាប់ពីធ្វើការវះកាត់ ត្រូវប្រើប្រាស់ថ្នាំពង្រាវឈាម (AVK) មួយជីវិត។ ថ្នាំនេះមានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការការពារមិនអោយកកឈាមនៅលើប្រឺសដែក ដែលបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិត។ ផ្ទុយមកវិញ បើកំហាប់ថ្នាំច្រើនជ្រុលពេកនៅក្នុងឈាម អាចបណ្តាលអោយមានគ្រោះថ្នាក់ហូរឈាម។
រោគសញ្ញានៃគ្រោះថ្នាក់ហូរឈាម (ពោលគឺកម្រិតថ្នាំលើសជ្រុល)៖
– ឈាមតាមអញ្ចាញធ្មេញ ពេលដុសរឺពេលមិនដុសធ្មេញ
– ទឹកនោមពណ៌ក្រហម
– បត់ជើងធំមានឈាម
– ចេញស្នាមជាំនៅលើស្បែក
– ស្លេកស្លាំង បេះដូងដើរញាប់
– ចុក ឆ្អល់ក្នុងពោះខ្លាំង
– ឈឺក្បាលខ្លាំង…
២) ករណីពិសេសដោយឡែកសម្រាប់ស្ត្រីដែលវះកាត់ប្តូរប្រឺសដែក (Valve mécanique) ហាមមិនអោយមានគត៌ព្រោះ៖
– ថ្នាំពង្រាវឈាមអាចបង្កអោយទារកមិនគ្រប់លក្ខណៈ
– ថ្នាំពង្រាវឈាមអាចបង្កអោយមានគ្រោះថ្នាក់ដល់ម្តាយ និងទារកពេលសម្រាល ទោះជាការសម្រាលតាមធម្មជាតិក្តី រឺតាមការវះកាត់ក្តី ដោយមូលហេតុហូរឈាម។
៣) អំពីជីវិតរស់នៅប្រចាំថ្ងៃ៖
ជាទូទៅបន្ទាប់ពីវះកាត់រួច អ្នកជំងឺមានជីវិតរស់នៅដូចអ្នកដទៃធម្មតា។ ប៉ុន្តែកត្តាមួយចំនួន ដែលលោកអ្នកគួរយល់៖
– ត្រូវពិគ្រោះជាមួយគ្រូពេទ្យបេះដូងនៅក្នុងករណីណាដែលអាចបង្កអោយមានការចេញឈាម ដូចជា ដកធ្មេញ ចាក់ថ្នាំក្នុងសាច់ដុំ ការវះកាត់ផ្សេងៗ…
– ហាមលេងកីឡាដែលអាចបង្កគ្រោះថ្នាក់ ដូចជា កីឡាជិះស្គី កីឡាវ៉ៃបុក…
– កុំពិសារបន្លែបៃតងច្រើន ព្រោះវាធ្វើអោយប្រសិទ្ធិភាពថ្នាំថយចុះ (ស្ពៃខៀវ សាឡាត់ ស្ពៃតឿ…)
ការការពារកុំអោយកើតមានជំងឺប្រឺសបេះដូង គឺជាកត្តាចំបង។ ដូច្នេះសូមបងប្អូនត្រូវមានអនាម័យល្អ ហើយបើបងប្អូនមានជំងឺឈឺបំពង់ក សូមរកសេវាសុខាភិបាលអោយបានត្រឹមត្រូវ។ ប្រសិនបើបងប្អូនមានជំងឺប្រឺសបេះដូង រឺវះកាត់ប្តូរប្រឺសបេះដូងរួច សូមបងប្អូនអញ្ជើញមករកសេវាពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត៕