អភិបាលខេត្តកំពត ជំរុញដល់ក្រុមការងារសាងសង់ពង្រីកសួនកម្សាន្តស្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ ធ្វើយ៉ាងណាស្ថាបនាឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់មុខមន្ទីរពេទ្យបង្អែកខេត្ត និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោត។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ក្រោមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចុះនូវគោលការណ៍ ក៏ដូចជាការចង្អុលបង្ហាញ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតឱ្យមានកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍ កែលម្អបន្ថែមនូវតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារសាងសង់ពង្រីកសួនកម្សាន្តស្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ ធ្វើយ៉ាងណាស្ថាបនាឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីអាចឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តបាន។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពត កំពុងតែបន្តរៀបចំសោភណភាព និង អភិវឌ្ឍន៍ខេត្តបន្ថែមទៀត ៕