សម្ដេចធិបតី៖ ក្រុមបវរកញ្ញា Miss Universe បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Miss Universe ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ។
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៩នេះ សម្ដេចធិបតីបានឱ្យដឹងថា ក្នុងនោះក្រុមបវរកញ្ញា Miss Universe បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះនាវេលាយប់ថ្ងៃទី១៧ មីនា។
សម្ដេចធិបតីបន្តថា នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Miss Universe បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា៕