ឯកឧត្តម ស្វាយ សំអ៊ាង ចាត់ទុកបេសកកម្មប្រតិភូក្រសួងរៀបចំដែនដី មានសារៈសំខាន់បំផុត ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានចាត់ទុក បេសកកម្មរបស់គណៈប្រតិភូ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសារៈសំខាន់បំផុតក្នុងការរួមចំណែកអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។
ការថ្លែងរបស់ឯកឧត្តម ស្វាយ សំអ៊ាង ធ្វើឡើងក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារ គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ស្តីពីការធ្វើបច្ចុប្បន្នភាពដី និងចុះពិនិត្យទីតាំងសម្បទានសង្គមកិច្ចក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្ត ។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ថា «បេសកកម្មរបស់គណៈប្រតិភូ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសារៈសំខាន់បំផុតក្នុងការរួមចំណែកអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក៏មានការជំរុញទៅលើវិស័យដីធ្លីឲ្យកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះក៏ជាការអនុវត្តស្មារតីគោលនយោបាយសម្បទានសង្គមកិច្ច ជូនដល់គ្រួសារកងទ័ព, គ្រួសារអតីតយុទ្ធជន និងគ្រួសារមានការខ្វះខាតដីពិតប្រាកដ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាសម្រាប់ក្នុងខេត្តស្ទឹងត្រែង ផងដែរ» ។
ឯកឧត្ដមបន្ថែមថា ដូចអ្វីដែលលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរាយការណ៍អំបាញ់មិញនេះ សម្រាប់ខេត្តស្ទឹងត្រែង យើងមានគោលដៅ ៥ ដែលជាគោលដៅ សម្បទានដីសង្គមកិច្ចសម្រាប់ជូនគ្រួសារអតីតយុទ្ធជន, គ្រួសារកងទ័ពនៅតាមតំបន់ព្រំដែន ក៏ដូចជា ប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ។
ពាក់ព័ន្ធទៅនឹងការចុះបញ្ជីដីធ្លី ឯកឧត្តមអភិបាលខេត្ត យល់ឃើញថាត្រូវតែអនុវត្តធ្វើយ៉ាងណាទៅតាមគោលការណ៍ណែនាំ និងតាមនីតិវិធី។ ឯកឧត្តមថា ឧបមាថា ដីសម្បទាននេះ មានរយៈពេល៥ឆ្នាំ ដើម្បីអាចចុះបញ្ជីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់បាន ហើយការចុះបញ្ជីនេះ ក៏ជាមូលដ្ឋានមួយដែលប្រជាពលរដ្ឋកំពុងតែត្រូវការ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរអរគុណចំពោះ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង និងប្រតិភូទាំងអស់ដែលបានចុះមកខេត្តស្ទឹងត្រែង ដើម្បីពិនិត្យវឌ្ឍនភាព។
ជាមួយគ្នានោះឯកឧត្តម ស្វាយ សំអ៊ាង សង្ឃឹមថា ការត្រួតពិនិត្យ និងការជំរុញនេះ ធ្វើឲ្យការគ្រប់គ្រង និងការចាត់ចែងអនុវត្តដីសម្បទានសង្គមកិច្ចរបស់យើងនេះ កាន់តែមានភាពរឹងមាំ ក៏ដូចជាស្របទៅតាមគោលការណ៍របស់យើងកាន់តែមានប្រសិទ្ធភាពថែមទៀតផង ៕