សម្ដេចមហាបវរធិបតី៖ រាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់ ២កន្លែងទៀត នៅខេត្តកំពង់ចាម និងសៀមរាប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចរួចហើយ ដោយប្រើប្រាស់ថវិកា ឥណទានសម្បទាន ក្នុងការអភិវឌ្ឍមន្ទីរពេទ្យតំបន់ ចំនួន ២កន្លែងទៀត នៅខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីជួយសម្រួល និងកាត់បន្ថយការ ចំណាយរបស់ពលរដ្ឋ ។
ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣” នាថ្ងៃទី១៩ ខែមីនា សម្តេចធិបតី បានមានប្រសាសន៍ថា នៅថ្ងៃទី១៤ ខែមីនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA ដើម្បីរៀបចំគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ ចំនួន២ ពោលគឺនៅខេត្តកំពង់ចាម និងនៅខេត្តសៀមរាប ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា “ថ្ងៃក្រោយយើងអាចពង្រីកតំបន់ ទៅតំបន់ផ្សេងៗទៀត នៅក្នុងការធ្វើនេះ ដើម្បីសុខភាពប្រជាជន យើងត្រូវហ៊ានវិនិយោគ” ។
សម្ដេចលើកឡើងថា បើទោះមិនអាចធ្វើម្តងហើយទាំងអស់ គ្រប់ទីកន្លែងក៏ដោយ តែជាជំហានដែលទាមទារពេលវេលា ។ ក្នុងនោះការពង្រឹងវិស័យសុខាភិបាល គឺធ្វើយ៉ាងណា នៅក្នុងពីមួយអាណត្តិ ទៅមួយអាណត្តិ កាន់តែមានសមត្ថភាព នៅក្នុងការព្យាបាល ជំងឺប្រជាពលរដ្ឋ និងវិមជ្ឈការការទទួលខុសត្រូវ និងសមត្ថភាព រហូតទៅដល់មូលដ្ឋាន តាមជំហាននេះជាអ្វីដែលយើងចង់បាន ហើយអ្វីដែលត្រូវធ្វើជូនប្រជាពលរដ្ឋ ៕