ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលលើជំនាញផ្នែកកំបោរក្នុងវិស័យសំណង់
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការងារកំបោរក្នុងវិស័យសំណង់ដែលជាកិច្ចសហការរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញកំបោរក្នុងវិស័យសំណង់នេះ នឹងផ្តល់ឱកាសដល់សិក្ខាកាមឱ្យមានជំនាញផ្នែកកំបោរលក្ខណៈស្តង់ដា ហើយក៏ជាឱកាសនៃការទទួលបានការងារក្នុងក្រុមហ៊ុនជីបម៉ុងដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជាផងដែរ។
តាមរយៈកិច្ចសហការជាមួយវិស័យឯកជននេះ គឺជាភាពជាក់ស្ដែងមួយនៃកិច្ចសហការរួមគ្នាក្នុងការជំរុញការអនុវត្ត និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាចំណែកមួយដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់វិស័យឯកជនក្នុងការចូលរួមកសាង និងកៀរគរធនធានមនុស្សផ្នែកបច្ចេកទេស តាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលកិច្ចការបណ្តុះបណ្តាលនេះ ក៏បានឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់កិច្ចសហការនេះ សិក្ខាកាមសរុប៦៦នាក់ នឹងត្រូវបណ្តុះបណ្តាល លើជំនាញកំបោរនៃវិស័យសំណង់ សម្រាប់ដំណាក់កាលទី១ ហើយដំណាក់កាលទី២, ៣ និង៤ នឹងបន្តអនុវត្តទៅតាមភាពជាក់ស្តែង។
ជាមួយនឹងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសិស្សានុសិស្សខិតខំរៀនសូត្រឱ្យបានល្អទាំងជំនាញបច្ចេកទេស និងឥរិយាបទនៃការធ្វើការ រួមទាំងជំនាញទំនាក់ទំនងព្រោះថាជីវិតការងារទាមទារទាំងចំណេះជំនាញ និងឥរិយាបទការងារ និងការប្រាសស្រ័យទាក់ទងគ្នា ៕