សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ជាចម្បងក្នុងការលើកកម្ពស់សេវាថែទាំសុខភាព និងសុខុមាលភាពរបស់ប្រជាជន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម គឺជាកត្តាដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល ដែលកត្តាទាំងនេះ បានជំរុញឱ្យកម្ពុជាមានភាពរីកចម្រើនជឿនលឿន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិតគ្រប់សមិទ្ធផលនៃការរីកចម្រើនទាំងនេះ គឺជាវឌ្ឍនភាពដែលឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់និងគ្រប់ភាគីពាក់ព័ន្ធ ចាប់តាំងពីនីតិកាលមុនៗ ក្រោមការដឹកនាំដោយកិត្តិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែចាត់ទុកការលើកកម្ពស់សេវាថែរទាំសុខភាព និងសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពចម្បង ៕