ប្រមុខរាជរដ្ឋាភិបាល ផ្តល់អនុសាសន៍ ៨ចំណុច ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននូវផ្ដល់អនុសាសន៍ចំនួន ៨ចំណុច ដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល និងដើម្បីធានានូវប្រព័ន្ធថែទាំសុខភាពរឹងមាំ ព្រមទាំងសុខុមាលភាពរបស់ប្រជាជន សម្រាប់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនរួមមាន៖
ទី១-ក្រសួងសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការវិភាគមុខងារច្បាស់លាស់ ត្រូវបន្តពិនិត្យ កែសម្រួលតួនាទី និងរៀបចំរចនាសម្ព័ន្ធក្រសួង និង អង្គភាពសុខាភិបាល ស្របតាមរបត់ ថ្មីនៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាមួយគ្នានេះ ត្រូវបន្តការអភិវឌ្ឍ និងនវានុវត្តន៍សមត្ថភាពស្ថាប័ន និងអង្គភាពសុខាភិបាល, តាមរយៈការបណ្តុះបណ្តាលស្តីពីបំណិនជាក់លាក់ ភាពជាអ្នកដឹកនាំ ដើម្បីឱ្យកិច្ចដំណើរការមុខងាររបស់ស្ថាប័នកាន់តែមានប្រសិទ្ធភាព ឆ្លើយតប ទៅនឹងសភាពការណ៍វិវត្តនៃតម្រូវការផ្នែកសុខភាពរបស់ប្រជាជន ក៏ដូចជានិន្នាការវិវត្តនៃការកែទម្រង់ការគ្រប់គ្រងអង្គភាពសុខាភិបាល និងការកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។
ទី២-ក្រសួងសុខាភិបាលត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងវិធីសាស្ត្របង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និងការបណ្តុះបណ្តាលបន្ត តាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹងជំនាញ និងពហុជំនាញពិតប្រាកដ ព្រមទាំងការបណ្តុះវប្បធម៌នៃការប្រតិបត្តិក្រមសីលធម៌ល្អ។ បន្ថែមពីនេះ ត្រូវពង្រឹងយន្តការអភិបាលកិច្ច និង និយតកម្មគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ទាំងនៅផ្នែកសាធារណៈនិងផ្នែកឯកជន ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់ការធ្វើស្ថាបនូបនីយកម្មប្រព័ន្ធទទួលស្គាល់គុណភាព គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល នាពេលអនាគត។
ទី៣-គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និងឯកជន និងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលដែលមានចំណេះដឹងខ្ពស់ ជំនាញពិតប្រាកដ និង ក្រមសីលធម៌ល្អ នៅបច្ចុប្បន្នកាល និងសម្រាប់ពេលអនាគត។ ក្នុងន័យនេះ, គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥រួមមាន៖ គណៈគ្រូពេទ្យ, គណៈឱសថការី, គណៈទន្តពេទ្យ, គណៈគិលានុបដ្ឋាក និងគណៈឆ្មប ត្រូវបន្តអភិវឌ្ឍនិង ពង្រឹងការអនុវត្តស្តង់ដា និង ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល, ការចុះបញ្ជីកា និងផ្តល់អាជ្ញាបណ្ណវិជ្ជាជីវៈ, ការចូលរួមអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលមូលដ្ឋាន ការបណ្តុះបណ្តាលបន្ត និងនវានុវត្តន៍គន្លងអាជីពវិជ្ជាជីវៈសុខាភិបាល។
ទី៤-ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ដើម្បីប្រែក្លាយទៅជាសេវាថែទាំសុខភាពឱ្យទៅជាសេវាដែលផ្តោតលើប្រជាជន តាមរយៈការចាប់យកការសម្រប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និងប្រសិទ្ធផលដោយសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ដែលដំណើរការប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
ទី៥-រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់ការអនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល និង មុខងារនិយ័តកម្មសេវាសុខាភិបាល ឱ្យកាន់តែមានសង្គតិភាពជាមួយនឹងលិខិតបទដ្ឋានគតិយុត្ត។ ជាមួយគ្នានេះ ត្រូវពង្រឹងប្រសិទ្ធភាពនៃការបែងចែក និង រក្សាគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេសឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែងនៃតម្រូវការសេវាថែទាំសុខភាព ដោយផ្តល់អាទិភាពដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងប្រើប្រាស់វិចារណកម្មរឹងមាំក្នុងការវិភាជន៍ថវិកា និងការធ្វើអាទិភាវូបនីយកម្មចំណាយ ដែលគាំទ្រ ដល់ការពង្រីកសេវាថែទាំសុខភាព ការកែលម្អគុណភាពសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែទាំសម្ភារៈឧបករណ៍វេជ្ជសាស្ត្រជាដើម។
ទី៦-ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបញ្ជ្រាបសារអប់រំសុខភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ដែលអាចជឿទុកចិត្តបាន ព្រឹត្តការណ៍ ឬវេទិកាធុរកិច្ចផ្សេងៗ ដែលមានលក្ខណៈសមស្រប សំដៅបង្កើនការយល់ដឹង និងការយកចិត្តទុកដាក់របស់សាធារណៈជន ដើម្បីបង្ការជំងឺ និងហានិភ័យសុខភាព។
ទី៧-ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដោយឈរលើគោលការណ៍ អភិបាលកិច្ចល្អ និង ការរក្សាផលប្រយោជន៍សុខភាពសាធារណៈ និងធុរៈកិច្ច ត្រូវជំរុញការចូលរួម ប្រកបដោយក្រមសីលធម៌ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រ និង សុខាភិបាលឌីជីថលនវានុវត្តន៍ គុណភាពសេវា ជាពិសេសកិច្ចសហការក្នុងការបង្កើនសកម្មភាពអប់រំលើកកម្ពស់សុខភាព និងការបង្ការជំងឺ ឬហានិភ័យសុខភាព។ទី៨-ខ្ញុំសូមជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត ៕