ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជូនប្រតិភូគណបក្សភឿថៃ ទស្សនកិច្ចនៅសារមន្ទីរជើងឯក និងវិមានឈ្នះ-ឈ្នះ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ប្រធានគណបក្សភឿថៃ ទៅធ្វើទស្សកិច្ចនៅសារមន្ទីរជើងឯក និងវិមានឈ្នះ-ឈ្នះ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កាលពីម្សិលមិញ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ប្រធានគណបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងប្រទេសថៃ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្នុងដំណើរទស្សនកិច្ចនេះ មរតកឈាមអ្នកនយោបាយរបស់ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពរបស់ថៃ ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅបំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភបាល។
សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ថាក់ស៊ី ស៊ីណាវ៉ាត់ត្រា មានទំនាក់ទំនងស្អិតល្មួតល្អូកល្អិនប្រៀបដូចជាបងប្អូន លើសពីទំនាក់ទំនងក្នុងនាមជាអ្នកនយោបាយមានប្រទេសជាប់របងគ្នា។ បើទោះបីមានវ័យនៅក្មេងយ៉ាងណាក្តី ប៉ុន្តែដំណើរទស្សនកិច្ចប្រធានបក្សភឿថៃ ដែលជាកូនស្រៅពៅរបស់ឯកឧត្តម ថាក់ស៊ីន ទទួលបានការទទួលស្វាគមន៍កក់ក្តៅបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន អ្នកនយោបាយដ៏មានឥទ្ធិពលនៅកម្ពុជា។
ទស្សនកិច្ចរបស់ប្រធានគណបក្សភឿថៃ ដែលជាបក្សកាន់អំណាចនៅប្រទេសថៃ ជាការបង្ហាញឱ្យឃើញនូវស្មារតីពូនជ្រុំទំនាក់ទំនងល្អរវាងបក្ស និងបក្ស ប្រទេស និងប្រទេស ដូចអ្វីដែលឯកឧត្តម ថាក់ស៊ី ធ្លាប់បានធ្វើពេលលោកកាន់អំណាច ៕