រដ្ឋមន្ត្រីព័ត៌មាន ស្នើកុំឱ្យមានការរើសអើងគ្រប់ទម្រង់ចំពោះអ្នកដែលមានពិការភាព
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើសុំកុំឱ្យមានការរើសអើងគ្រប់ទម្រង់ចំពោះអ្នកដែលមានពិការភាព សូមចាត់ទុកបងប្អូនដែលមានពិការភាព ជាធនធានមនុស្សរបស់សង្គមចូលរួមជាមួយគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាន សរសេរព័ត៌មាន និងចម្រៀងសម័យ ដល់បុគ្គលិក ជនមានពិការភាពភ្នែក និងកាយសម្បទា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពិការភ្នែក និងសមាគមតន្ត្រីសំនៀងជនពិការ ស្ថិតនៅភូមិជុំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឯកឧត្ដម នេត្រ ភក្ត្រា បានថ្លែងថា ជនមានពិការភាពគ្រប់ៗរូប ក៏មានសិទ្ធិទទួលបាននូវការស្រឡាញ់ រាប់អាន មានឱកាសចូលរួមរាល់សកម្មភាពនានាក្នុងសង្គមស្មើៗគ្នា និងទទួលបាននូវការផ្តល់តម្លៃពេញលេញ ហើយទាំងនេះជាចំណែកនៃកោសិកាសង្គមដែល មិនអាចខ្វះបាន។
ជាមួយគ្នានោះឯកឧត្ដម បានអរគុណដល់សមាគមតន្ត្រីសំនៀងជនពិការ ដែលបានរៀបចំវគ្គបណ្តុះបណ្តាល ការអានសរសេរព័ត៌មាន និងចម្រៀងសម័យ ដើម្បីលើកកម្ពស់សមត្ថភាពជនមានពិការភាព ភ្នែក និងកាយសម្បទា ហើយលោកចាត់ទុកវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព បុគ្គលិក សមាជិក សមាជិកា ជនមានពិការភាពភ្នែក និងកាយសម្បទា ឱ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីឱ្យមានលទ្ធភាព និងឱកាសក្នុងការស្វែងរកការងារនៅតាមស្ថានីយ៍វិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន ភោជនីយដ្ឋាន ក្លឹបកម្សាន្ត រង្គសាល រមណីយដ្ឋាន ខនសឺត និងតាមតំបន់ទេសចរណ៍នានា។
បើតាមលោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានជម្រាបជូនថា សមាគមបានបង្កើតឡើងតាមរយៈការដឹកនាំដោយលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានជន ពិការភ្នែក ១ក្រុម ចំនួន ១៥នាក់ និងលោក ចាប តូ ហើយរហូតមកដល់បច្ចុប្បន្នសមាគមមាន សមាជិកសរុបចំនួន ៧០០នាក់ ស្រី ២៩៧នាក់ ខ្លះមានមុខរបរម៉ាស្សា ចម្រៀង កាន់ឧបករណ៍តន្ត្រី សម័យ បុរាណ មន្ត្រីរាជការ សិស្ស-និស្សិត៕