ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងការបរទេសអូស្ត្រាលី DFAT
ភ្នំពេញ៖ នៅទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយសហការីជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោងវិស័យធនធានទឹក និងឧតុនិយមជាមួយគណៈប្រតិភូតំណាងក្រសួងការបរទេសអូស្រ្តាលី DFAT និងតំណាងស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំនេះគឺក្នុងគោលបំណងធ្វើការកសាងគម្រោងថ្មីដ៏ធំមួយទៀតរបស់រាជរដ្ឋាភិបាលអូស្រ្តាលី លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់ជាងមុន ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដីដែលកំពុងកើនឡើងឥតឈប់ឈរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា ភាគីទាំងពីរ ក្រសួងធនធានទឹក និងឧតុនិយម និងភាគីអូស្រ្តាលី DFAT បានជជែកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងធ្វើការកត់សម្គាល់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការអនុវត្តយុទ្ធសាស្រ្តគម្រោងក្នុងពេលកន្លងមក ដើម្បីធានាឱ្យមានស័ក្តិសិទ្ធិភាព និងធ្វើសមាហរណកម្មបណ្តាបទពិសោធន៍ទាំងអស់នោះសម្រាប់បង្កើតគម្រោងរបស់ DFAT លើវិស័យហេដ្ឋារចនាសម្ព័ន្ធទឹកនាពេលក្រោយឱ្យមានសមត្ថភាពធន់គ្រប់គ្រាន់ទប់ទល់នឹងគ្រោះមហន្តរាយដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ និងជំនន់គ្រប់ប្រភេទ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ភាគីទាំងពីរនឹងឈានទៅធ្វើការផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍លើការគ្រប់គ្រងអាងទន្លេ ព្រមទាំងរៀបចំផែនការមេ ដើម្បីបង្កើនសុវត្ថិភាពឱ្យកាន់តែល្អប្រសើរឡើងលើអាងទន្លេ និងអាងទន្លេរង៕