គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញលទ្ធផលជំនួបរវាងទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាមួយឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyat) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
ជំនួបនេះបានផ្ដោតលើវឌ្ឍនភាពការងារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានាពេលអនាគត។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះលោក ចាស្ទីន ខេវិន វ៉ាយអេត និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការសម្របសម្រួលដំណើរការនៃ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។
ទន្ទឹមនេះ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដូចជា៖ ការទទួលពាក្យបណ្ដឹងដោយផ្ទាល់នៅ គ.ស.ម.ក. តាមរយៈ App CHRC និងប្រអប់ពាក្យបណ្តឹងនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការចុះ ស៊ើបអង្កេត និងដោះស្រាយពាក្យបណ្តឹង ការចុះផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្ស ការចុះពិនិត្យស្ថានភាព សិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជាពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា និងការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ។
ក្នុងជំនួបនេះ ឯកអគ្គរាជទូតអូស្ត្រាលី បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការដំណោះស្រាយបានយ៉ាងល្អចំពោះករណីការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ហើយប្រទេសអូស្ត្រាលី បានត្រៀមខ្លួនរួចរាល់ ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងលើប្រធានបទអ្នកស្រឡាញ់ភេទដូចគ្នា។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស និងបានផ្លាស់ប្តូរទស្សនៈលើលំហប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ទេសរដ្ឋមន្ត្រី បានយកឱកាសនេះគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ បាននឹងកំពុង អនុវត្តយ៉ាងមមាញឹកនូវអាទិភាពទាំង៦ រួមមាន៖ ការពង្រីកសេវាថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធការដាក់ចេញយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន ការផ្តល់ប្រាក់កម្ចី ដើម្បីប្រកបរបរកសិកម្ម និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ សង្កាត់ និងការអនុវត្តវិធានការគន្លឹះទាំង៥ រួមមាន៖ កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ វិស័យអប់រំ វិស័យសុខាភិបាល គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រព័ន្ធយុត្តិធម៌ ដែលជាចំណុចអាទិភាព និងជាផលប្រយោជន៍រួមរបស់ប្រជាជន។
ទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយសព្វថ្ងៃគណបក្សនយោបាយចំនួន២ មានអាសនៈនៅក្នុងរដ្ឋសភា។
ទន្ទឹមនេះទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបង្ហាញពីឆន្ទៈសុទិដ្ឋិនិយមថា នៅថ្ងៃអនាគតនឹងមានគណបក្ស បង្កើតថ្មីបន្ថែមទៀត ដែលគោរពតាមច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដើម្បីចូលរួមក្នុងការប្រកួតប្រជែង៕