សម្ដេចធិបតី៖ តំបន់ជនបទកម្ពុជា កំពុងផ្លាស់ប្តូរមុខមាត់ថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងស៊ីវីល័យលើគ្រប់វិស័យ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តំបន់ជនបទកម្ពុជា បាននិងកំពុងប្រែប្រួល ផ្លាស់ប្តូរមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ និងស៊ីវីល័យលើគ្រប់វិស័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែង និងប្រទាក់ក្រឡាគ្នា ដែលជាសសៃឈាមនៃសេដ្ឋកិច្ច។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាក់ស្តែង អត្រាគ្របដណ្តប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនឡើងប្រមាណ៨៥% ដែលបញ្ជាក់ឲ្យបាននូវការរស់នៅ ប្រកបដោយផាសុខភាពរបស់ ប្រជាជននៅតាមតំបន់ជនបទ។
សម្តេចធិបតី លើកឡើងទៀតថា ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ក៏មានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាព និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ៕