សម្តេចធិបតី៖ គោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល លើផ្នែកថែទាំសុខភាព រួមចំណែកធ្វើឱ្យវិស័យសុខាភិបាលនៅជនបទ ប្រសើរឡើង
ភ្នំពេញ៖ សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល លើការផ្តល់ការថែទាំសុខភាព បានចូលរួមចំណែកយ៉ាងធំធេង ដល់ការធ្វើឱ្យប្រសើរឡើង នូវវិស័យសុខាភិបាលនៅទីជនបទ ។
ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែមីនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នាពេលកន្លងមក, បន្ទាប់ពីការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយជោគជ័យ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល តាមរយៈ៖ ១- ការពង្រីកការគ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១.៥លាននាក់ ដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ២-ការពង្រីករបបថែទាំសុខភាព បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង៣លាននាក់។
សម្តេចមហាបវរធិបតីបញ្ជាក់ថា «កម្មវិធីទាំងនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ដល់ការធ្វើឱ្យប្រសើរឡើង នូវវិស័យសុខាភិបាលនៅទីជនបទ និងផ្ដល់ឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទទួលបានការថែទាំសុខភាពយ៉ាងពេញលេញ» ។
សម្តេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីថែមរក្សាលំនឹងជីវភាពប្រជាជន រក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច ពង្រឹងតួនាទីរបស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ៕