ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៣២លានរៀល ត្រូវបានផ្តល់ជូនដល់គ្រួសារសពនគរបាលចំនួន០៦នាក់
ភ្នំពេញ៖ ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៣២លានរៀល (សាមសិបពីរលានរៀល) ជូនដល់ក្រុមគ្រួសារសព និវត្តជនមរណៈ និងស្វាមីមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ។
លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិក បានឲ្យដឹងថា គ្រួសារសពដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ រួមមាន៖
១-លោកវរសេនីយ៍ទោ ប៉ុក សំអន (និវត្តជន) ទឹកប្រាក់ ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)
២-លោកអនុសេនីយ៍ឯក ម៉ៅ រុំ (និវត្តជន) ទឹកប្រាក់ ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)
៣-លោកអនុសេនីយ៍ត្រី ឃ្លិន ញិល (និវត្តជន) ទឹកប្រាក់ ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)
៤-លោកអនុសេនីយ៍ត្រី ជេប ប៉ិ (និវត្តជន) ទឹកប្រាក់ ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)
៥-លោកអនុសេនីយ៍ត្រី ម៉ម ឈឿម (និវត្តជន) ទឹកប្រាក់ ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)
៦- លោក សាំង ជា ស្វាមីលោកស្រីអនុសេនីយ៍ទោ តាន់ មុំ នាយរងផ្នែកការិយាល័យគ្រប់គ្រងការស្នាក់នៅ ទឹកប្រាក់ ២,០០០,០០០រៀល (ពីរលានរៀល)។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសម្តែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរ បាលទាំង០៦រូប ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបញ្ជាក់ថា ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបានថវិកាពីសមាគមចំនួន៦លានរៀល ប្រសិនបើភរិយាឬស្វាមីរបស់សមាជិក ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដែរ ៕