សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនានាដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រឹងការអភិវឌ្ឍនៅកម្រិតមូលដ្ឋាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលមានគោលដៅជាយុទ្ធសាស្រ្ត៥ កំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យកាន់តែច្រើន កាត់បន្ថយភាពក្រីក្រ បង្កើនប្រសិទ្ធភាពស្ថាប័ន ធានាចីរភាពនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដោយយកចិត្តទុកដាក់ខ្លាំងនូវការពង្រឹងការអភិវឌ្ឍកម្រិតមូលដ្ឋាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋានដែលមានកម្មវិធីនយោបាយសម្រាប់ការកសាងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៅក្នុងអណត្តិទី៧ ដោយបញ្ជាក់ច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទតាមរយៈការដាក់ចេញគោលដៅសំខាន់ៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ៕