សម្តេចធិបតី កោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទដែលសម្រេចបានសមិទ្ធនានា ក្នុងឆ្នាំ២០២៣
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ចំពោះលទ្ធផលធំៗដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបាននៅក្នុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធប្រកបដោយផ្លែផ្កា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដឹកនាំក្រសួងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនដែលត្រូវបន្តដឹកនាំ កសាងបន្ថែមដោយឯកឧត្តម ឆាយ ឬទ្ធិសែន នៅក្នុងអាណត្តិថ្មីនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺសបញ្ជាក់អំពីសារៈសំខាន់មិនអាចខ្វះបានរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រនៅពេលមានគ្រោះមហន្តរាយក៏ដូចជាប្រឈមនឹងវិបត្តិសាកលនានា ព្រមទាំងការកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល ៕