សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើ ឱ្យរាំងស្ទះ ឬ យឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្ត អភិវឌ្ឍជនបទ តាមរយៈ៖ ទី១. ការបន្តកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, ទី២. បន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជន នៅជនបទតាមរយៈការពង្រីកវិសាលភាព នៃការអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ, ទី៣. បន្តជំរុញការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យ តាមរយៈការបង្កើត និងពង្រីកមុខរបរ ក៏ដូចជាបង្កើនប្រាក់ចំណូលបន្ថែម និង ទី៤. បន្តអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ៕