លោកជំទាវ កុយ សុដានី ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ នៅទីស្ដីការក្រសួងនារសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ជាសមាជិកលេខាធិការដ្ឋានមួយចំនួនទៀតផងដែរ។
កិច្ចពិភាក្សានេះ រៀបចំឡើងដើម្បីប្រមូលធាតុចូលពីរំហូរការងាររបស់គណ:កម្មការសម្របសម្រួល និងតម្រង់ទិស សំដៅពង្រឹងយន្តការជាក្របខណ្ឌរួម និងមានរំហូរការងារមានលក្ខណ:ជាប្រព័ន្ធ ដើម្បីទទួលបាននូវអភិបាលកិច្ចល្អក្នុងការរៀបចំផែនការ ការគ្រប់គ្រង និងការអនុវត្តគម្រោងទាំងអស់ ព្រមទាំងធានាបាននូវប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារ។
លោកជំទាវរដ្ឋលេខាធិការ បានណែនាំឱ្យសមាជិកទាំងអស់សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការរៀបចំគោលនយោបាយ គោលការណ៍ និងផែនការអភិវឌ្ឍ សាងសង់ ស្តារឡើងវិញ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន ក៏ដូចជាសម្របសម្រួលប្រមូលព័ត៌មាន និងចងក្រងទិន្នន័យលើវឌ្ឍនភាពគម្រោងពីអង្គភាពគ្រប់គ្រងគម្រោង និងអង្គភាពអនុវត្តគម្រោង ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងសាធារណការ បានទាន់ពេលវេលា ដើម្បីដាក់ជូនគណៈកម្មការសម្របសម្រួលគម្រោងពិនិត្យ និងសម្រេច៕