ឯកឧត្ដម ចាយ បូរិន អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ
ភ្នំពេញ៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្ដម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្តុអនុស្សាវរីយ៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកក្របាទក្រហមកម្ពុជា ជូនលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្ដម ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច លោក លោកស្រីដែលជាថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងក្រុមគ្រួសារ។
លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា «ខ្ញុំបាទ និងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ខ្ញុំបាទសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រីដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំបាទដល់លំនៅដ្ឋាន»។
លោកបន្តថា «ខ្ញុំបាទពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាម ប្រពៃណីដ៏ល្អផូផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ»។
លោកបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនិងកំណត់នូវចក្ខុវិស័យ ផែនការ យុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។
លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រក៏បានផ្តល់ទស្សនទានជូនយុវជនគណបក្សដូចខាងក្រោម៖
*ទី១៖ អំពើហិង្សាមិនអាចបង្កើតសន្តិភាពបានទេ
*ទី២៖ ត្រូវចងចាំនូវសោកនាដកម្មដ៏ខ្លោចផ្សានៃរបបខ្មែរក្រហម និងមើលឃើញពីគុណតម្លៃសន្តិភាពនិងការអភិវឌ្ឍរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ
*ទី៣៖ ត្រូវពង្រឹងសាមគ្គីធម៌ក្នុងសង្គមជាតិដោយផ្នែកលើគុណតម្លៃខាងវប្បធម៌ សីលធម៌ សាសនា និងប្រវត្តិសាស្ត្រព្រមទាំងថែរក្សាព្រលឹងជាតិ ដើម្បីបង្កើនសក្តានុពលជាតិសម្រាប់ការអភិវឌ្ឍសមិទ្ធផលវិជ្ជមានថ្មីបន្ថែមទៀត
*ទី៤៖ ត្រូវសិក្សាពីពិភពលោក និងដកស្រង់យកបទពិសោធន៌ល្អៗមកច្នៃអនុវត្តសម្រាប់ការអភិវឌ្ឍប្រទេសជាតិយើង។
លោកក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់ តាំងពីការសិក្សានិងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។
បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកស្រាវជ្រាវ ឯកទេសវិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ ភូមិសាស្ត្រនយោបាយ, អាស៊ីអាគ្នេយ៍, ប្រវត្តិសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យបារីសប្រទេសបារាំង រួចមកលោកបានចូលរួមរៀបចំបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាប្រធានវិទ្យាស្ថាន មនុស្សសាស្រ្ត និងសង្គមសាស្ត្រ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសដ៏មានអត្ថន័យនេះផងដែរ ឯកឧត្ដម ចាយ បូរិន និងក្រុមការងារក៏បានក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតជូនដល់ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងសូមជូនពរដល់លោកបណ្ឌិតសភាចារ្យទទួលបានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕