ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ កម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងារត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ កម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការរង អគ្គស្នងការរង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺធ្វើឡើងតាមសំណូមពរការងារចាំបាច់ ដើម្បីជាការត្រួសត្រាយផ្លូវសម្រាប់រៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយឯកឧត្តម បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធរៀបចំ និងពិនិត្យលើឯកសារពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពច្បាស់លាស់៕