រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាម ជាច្រើនរូប ក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប ក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារស្រាយបួសរបស់ខ្មែរឥស្លាម នាថ្ងៃទី២១ មីនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សក្រ បានរៀបចំឱ្យមានស្ថាប័នកំពូលឥស្លាម គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលមានអ្នកឧកញ៉ា សុះ កុំរ៉ី ជាចៅហ្វាង តាំងពីឆ្នាំង២០០០មក ហើយមានឋានានុក្រមគ្រប់គ្រងពីថ្នាក់ដឹកនាំលើ ដល់ថ្នាក់ក្រោម ជាគណៈអ៉ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក។
សម្តេចធិបតី បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរ ឥស្លាម ជាច្រើនរូបនៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម។ ហើយថ្មីៗនេះមានថ្នាក់ដឹកនាំខ្មែរឥស្លាម ៥រូប ក្នុងនោះមានស្ត្រី ១រូប បានជាប់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងកន្លងមកមាន៦រូប ក្នុងនោះមានស្ត្រី ១រូប បានជាប់ជាតំណាងរាស្ត្រ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា»។
សម្តេចធិបតី លើកឡើងថា ក្រៅពីនេះមានសមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អភិបាលរងរាជធានី ខេត្ត អភិបាលរងក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ឃុំ សង្កាត់ ព្រមទាំងក្នុងជួរកងកម្លាំងជាច្រើនរូបផងដែរ។
សម្តេចធិបតី គូសបញ្ជាក់ថា សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត, បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូប សម្រាប់ ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណបណ្ណ។ល៕