រដ្ឋបាលខេត្តក្រចេះដង្ហែរក្បូនជាសាធារណ: អបអរសាទរជ័យលាភីថ្នាក់ជាតិពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ផ្នែកស្មូតកំណាព្យ និងបកស្រាយប្រធានបទ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះមន្រ្តីសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃខេត្តក្រចេះ អញ្ជើញចូលរួមអបអរសាទរពិធីដង្ហែរក្បួន និងប្រគល់រង្វាន់ជូនជ័យលាភីថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផ្នែកស្មូតកំណាព្យ និងបកស្រាយប្រធានបទ ចំនួន ០២អង្គ/នាក់ នៅមុខសាលាខេត្តក្រចេះ។
តាមការបញ្ជាក់ពីលោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ៖ នេះជាលើកទី១ ហើយសម្រាប់ខេត្តក្រចេះ ដែលទទួលបានជ័យលាភីថ្នាក់ជាតិពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផ្នែកស្មូតកំណាព្យ និងបកស្រាយប្រធានបទ លើកទី៩ ហើយក្នុងនោះក៏មានបុព្វជិតខេត្តយើងជាប់ចំណាត់ថ្នាក់លេខ ១ផងដែរ។
ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត ក៏បានគូសបញ្ជាក់បន្ថែមថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យអប់រំដូចមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្ដោតលើ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងដាក់ចេញនូវវិធានការគន្លឹះដើម្បីដោះស្រាយក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា រដ្ឋបាលខេត្តនៅតែបន្តប្រឹងប្រែងជួយគាំទ្រមន្ទីរអប់រំ ដើម្បីឈានទៅសម្រេចទិសដៅ «អប់រំសម្រាប់ឆ្នាំ២០៣០» តាមរយៈការធានាសមធម៌ក្នុងការអប់រំសម្រាប់កុមារគ្រប់រូប និងការបង្កលក្ខណៈសម្បត្តិអនុគ្រោះនានាដើម្បីឲ្យកូនចៅប្រជាពលរដ្ឋក្រីក្រ មានលទ្ធភាពចូលសិក្សា ជាពិសេសគឺតាមរយៈការពង្រឹង និងពង្រីកគ្រឹះស្ថានសិក្សាសាធារណៈ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតក្រីក្រ រៀនពូកែ។ រដ្ឋបាលខេត្ត នឹងបន្តភាពជាដៃគូជាមួយវិស័យឯកជន ព្រមទាំងសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើន និងលើកកម្ពស់គុណភាពសេវាអប់រំ ទាំងក្នុងកម្រិតមធ្យមសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសទាំងក្នុងកម្រិតឧត្ដមសិក្សា ឲ្យឆ្លើយតមបានយ៉ាងសមស្របទៅនឹងស្តង់ដារអន្តរជាតិ និងតម្រូវការអភិវឌ្ឍប្រទេសជាតិ ៕