ឯកឧត្តម ឈាង ឡាក់ និងឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញរៀបចំតម្កល់ព្រះពុទ្ធបដិមានៅវត្តជោតិ្តញ្ញរាម ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង
ភ្នំពេញ៖ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ សប្បុរសជននិងពុទ្ធបរិស័ទខេត្ត បានអញ្ជើញរៀបចំធ្វើពិធីតម្កល់រូបព្រះពុទ្ធបដិមា មានកម្ពស់ជិត៤ម៉ែត្រ ទទឹងជាង២ម៉ែត្រ ដើម្បីទុកជាទីគោរពសក្ការៈលើកកម្ពស់ព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងឡើង។ ពិធីរៀបចំតម្កល់ព្រះពុទ្ធបដិមា នៅក្នុងបរិវេណវត្តជោតិញ្ញារាម ហៅវត្តគីឡូ៨ ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បើតាម លោក មៀច អ៊ាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលទទួលបានការជួយឧបត្ថម្ភគាំទ្រពីគ្រប់ថ្នាក់ដឹកនាំ សប្បុរសជននានាក្នុងខេត្ត រួមគ្នាអភិវឌ្ឍផ្នែកពុទ្ធចក្រ ឱ្យដើរទន្ទឹមគ្នាជាមួយនិងផ្នែកអាណាចក្រ ស្របតាមយុទ្ធសាស្ត្រ បច្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះតេជគុណ ស៊ាន ស៊ីណែត ចៅអធិការវត្តជោតិ្តញ្ញារាម ហៅវត្តគីឡូ៨ មានសង្ឃដីការគាំទ្រចំពោះ ទឹកចិត្តដ៏ល្អប្រសើរដែលបានបង្ហាញពីកត្តាសាមគ្គីដ៏ធំធេងកើយឡើងពីសទ្ធាជ្រះថ្លា និងបាននាំ ឆ្ពោះទៅលើកស្ទួយព្រះពុទ្ធសាសនា ស្របពេលដែលទីអារាមនេះ កំពុងធ្វើការអភិវឌ្ឍ និងសាសងសង់ព្រះវិហារថ្មី សម្រាប់ពុទ្ធបរិស័ទមានទីកន្លែងត្រឹមត្រូវសម្រាប់ធ្វើបុណ្យទានបានងាយស្រួលផង។
លោក ញឹម បូណា និងលោកស្រី ឡាយ ធារី បានបញ្ជាក់ថា ចំណុចនេះជាគោលដៅដែលថ្នាក់ដឹកនាំនិងប្រជាពុទ្ធបរិស័ទចង់បាន ជាពិសេសដើម្បីរួមចំណែកជាមួយឯកឧត្តមសន្តិបណ្ឌិតអ្នកតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តអភិបាលខេត្ត និងមន្ត្រីរាជការ ក្នុងនាមសប្បុរសជនលោកបានបរិច្ចាគទាំងកម្លាំងកាយចិត្ត និងថវិកាសរុបប្រមាណជាង២២លានរៀលដើម្បីជួយគាំទ្រដល់សមិទ្ធផលរៀបចំតម្កល់ព្រះពុទ្ធបដិមានេះ។
លោកបានបន្តថា កម្លាំងសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគនូវថវិកាទោះតិចក្តីច្រើនក្តី ជាមហាសាមគ្គីមានតម្លៃក្នុងការរួមគ្នាជួយបន្តដល់ការកសាងសមិទ្ធផលក្នុងផ្នែកព្រះពុទ្ធសាសនារបស់យើង និងបានចូលរួមចំណែក ធ្វើឱ្យរីកចម្រើនដល់វិស័យសាសនា នៅក្នុងភូមិ ឃុំ សង្កាត់ ស្រុក ខេត្ត ផ្ទាល់តែម្ដង។
សូមបញ្ជាក់ថា រូបព្រះពុទ្ធបដិមា ដែលរៀបចំតម្កល់នៅក្នុងបរិវេណវត្តជោតិញ្ញារាម ហៅវត្តគីឡូ៨ នេះថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទ សប្បុរសជននានា ចំណាយថវិកាជាងមួយម៉ឺនដុល្លារ សម្រាប់ជាវ និងសាងសង់ទីកន្លែង ចំណែកនៅក្នុងព្រះវិហារកំពុងសាងសង់មានទទឹង ១០ម៉ែត្រ បណ្តោយ ២០ម៉ែត្រ និងតម្កល់រូបព្រះពុទ្ធបដិមា ចំនួន៣ព្រះអង្គ ដែលត្រូវចំណាយថវិកាជាង៥ពាន់ដុល្លារ ទទួលបានការជួយឧបត្ថម្ភគាំទ្រពីលោក ញឹម បូណា និងលោកស្រី ឡាយ ធារី ផងដែរ ៕