រដ្ឋមន្រ្តីក្រសួងបរិស្ថាន បំផុសចលនាស្អាត ចរណៃភាពបៃតង និងចីរភាព ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍
ភ្នំពេញ៖ ផ្តើមចេញពីភាពស្អាត ក្រសួងបរិស្ថានបានបំបែកចេញជាបំណែកៗ ដែលមានភាពសាមញ្ញ ងាយយល់ និងងាយស្រួលក្នុងការអនុវត្ត ជាមួយគ្នានេះភាពស្អាតបានបែកចេញទៅជា ៣ផ្នែកគឺ៖ ទី១.ភាពស្អាតជុំវិញខ្លួនយើង, ទី២.ភាពស្អាតក្នុងផ្នត់គំនិត និងទី៣.ភាពស្អាតលើពិភពលោក។ អនុលោមតាមភាពស្អាតក្នុងផ្នត់គំនិត ដែលបានមកពីធាតុផ្សំ ៣សំខាន់គឺ៖ ១.ភាពស្អាតរបស់បុគ្គល, ២.ភាពស្អាតរបស់សង្គម និង៣.ភាពស្អាតរបស់កម្ពុជាទាំងមូល។ ដែលភាពស្អាតទាំងនេះហើយ ធ្វើឱ្យកម្ពុជាយើងទទួលបានភាពល្បីល្បាញលើឆាកអន្តរជាតិ គឺល្បីថាជាប្រទេសដែលមានប្រជាពលរដ្ឋមានចិត្តស្អាត ស្មោះត្រង់មិនកោរ មិនកេងចំណេញពីអ្នកទេសចរជាដើម។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងផ្សព្វផ្សាយយ៉ាងសកម្ម និងបំផុសឱ្យមានចលនាស្អាត ក្នុងន័យជួយឱ្យប្រជាជនគ្រប់រូបទទួលបានផលប្រយោជន៍ អំពីភាពស្អាត និងភាពបៃតង ដើម្បីបង្កើនឱ្យប្រជាសហគមន៍មានប្រាក់ចំណូលជាទៀងទាត់ ចាកផុតពីការចូលព្រៃកាប់ឈើ កាប់សម្លាប់សត្វព្រៃ ដែលទង្វើទាំងនោះផ្ទុយនឹងច្បាប់ ហើយក៏ផ្ទុយនឹងពុទ្ធឱវាទរបស់ព្រះពុទ្ធដែរ។
ស្របតាមពុទ្ធឱវាទ ក្រសួងបរិស្ថានបានរួមចំណែកជាមួយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សាងសង់កន្លែងសម្រាប់វិបស្សនាកម្មឋាន ដើម្បីសម្អាតផ្លូវចិត្តឱ្យស្អាត ឱ្យមានវិន័យ ដើរតាមមាគ៌ាល្អ មាគ៌ាព្រះពុទ្ធពេញដោយសន្តិភាពផ្លូវចិត្ត បង្កើននូវសតិបញ្ញា ប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវត្រូវ ដោយមិនបៀតបៀនជីវិតសត្វ មានភាពស្មោះត្រង់មិនកុហកបោកប្រាស់ភូតភរ ហើយមាគ៌ាដ៏ត្រឹមត្រូវនេះ នឹងដឹកនាំប្រជាជនកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ ពេញដោយគុណធម៌ និងមានគុណតម្លៃ។
ការបំផុសចលនាស្អាតនេះ បានជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ ដែលជាគោលដៅលំហែបៃតង មានចរណៃភាពបៃតងស្រស់ស្អាត ប្លែកៗគ្នា ជាទីគួរឱ្យចង់មកកម្សាន្តលេង និងស្នាក់នៅ ដែលជាវត្ថុបំណងចម្បងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងជាគោលនយោបាយឈ្នះៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានផ្សព្វផ្សាយចេញ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ក្នុងដំណាក់កាលទី១នេះ ៕