ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប រៀបចំពិធីលៀងសាយភោជន៍ជូន ប្រធានរដ្ឋសភាថៃ
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ជូន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅរ៉ូសវូដភ្នំពេញ ជាន់ទី៣៦ នៃអគារវឌ្ឍនៈ។
សូមជម្រាបថា ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ ធ្វើមាតុភូមិនិវត្តន៍វិញនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ៕