ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធឆ្លងខ្លោងទ្វារ ហោត្រ័យ និងសមិទ្ធផលនានានៅវត្តពោធិសត្ថារាម (ហុងឡាំ) ស្ងិតក្នុងភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារី វ៉ា ថន រួមព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពុទ្ធបរិស័ទ អញ្ជើញសម្ពោធឆ្លងខ្លោងទ្វារ ហោត្រ័យ និងសមិទ្ធផលនានានៅវត្តពោធិសត្ថារាម (ហុងឡាំ) ស្ងិតក្នុងភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្ត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងគណៈ កម្មការអាចារ្យវត្តទាំងអស់ សប្បុរជន និងពុទ្ធបរិស័ទ គ្រប់ទិសទីដែលបានខិតខំប្រឹងប្រែង ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលទាំងនេះឱ្យលេចចេញជារូបរាងឡើង សម្រាប់បម្រើឱ្យ វិស័យព្រះពុទ្ធសាសនា និងទុកជាសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា សមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ ពុទ្ធសាសនិកយើង និងការប្តេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំ ប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ៕