សម្តេចធិបតី៖ ការងារប្រយុទ្ធនឹងជំងឺរបេង នៅមានបញ្ហាប្រឈម ដែលតម្រូវឱ្យបង្កើនល្បឿន បំពេញកិច្ចការងារបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺ និងស្លាប់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការងារប្រយុទ្ធនឹងជំងឺរបេងនៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យបង្កើនល្បឿននៃកិច្ចខិតខំ ប្រឹងប្រែងបំពេញកិច្ចការងារនេះបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺនិងស្លាប់ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងសកលលោក។
តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន » សម្តេចធិបតី បានអំពាវនាវឲ្យបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំងឺរបេង ប្រកបដោយស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព និងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សំដៅរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល។
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖
ទី១- បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធនឹងជំងឺរបេង តាមផែនការជាតិ និងសកលលោក
ទី២- ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេងប្រកបដោយស្មារតីបុរសកម្ម នៅតាមសហគមន៍ និងវត្តអារាម។
ទី៣- បន្តថែរក្សាឲ្យបានខ្ពស់ នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង ឱ្យបានលើស៩០%។
និងទី៤- ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធនឹងជំងឺរបេង។
សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេង ដោយប្រជាជនទាំងអស់គ្នា រួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប។
សូមបញ្ជាក់ជូនថា ការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងបន្តជំរុញ និងបង្ហាញនូវ ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ការគាំពារសុខភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំ ទូលាយ ព្រមទាំងបំផុសការយល់ដឹង លើការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យ បានយល់អំពីបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមជាតិទាំងមូល ៕