សម្តេចធិបតី៖ ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ជាកត្តាសត្យានុម័តមិនអាចខ្វះបាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបានប្រារព្ធទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍លើកទី២ ព្រមជាមួយការរៀបចំនូវព្រឹត្តិការណ៍អមសំខាន់ៗរួមមាន៖ ពិព័រណ៍បច្ចេកវិទ្យា និង គ្រឿងឧបករណ៍ កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច សេនាធិការ ដើម្បីសម្រេចបាននូវការកសាងមូលដ្ឋានជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបន្ថែមបច្ចេកវិទ្យា ជាអាទិភាពទី៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ៕