ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យមាននូវថ្នាលបច្ចេកវិទ្យាចម្រុះថែមទៀត ដើម្បីគាំទ្រដល់ដៃគូពាក់ព័ន្ធ ក្នុងការស្វែងរកទីផ្សារចាប់យកនូវខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យមាននូវថ្នាលបច្ចេកវិទ្យាចម្រុះថែមទៀត ដើម្បីគាំទ្រដល់ដៃគូពាក់ព័ន្ធ, ជាពិសេសវិស័យឯកជន ក្នុងការស្វែងរកទីផ្សារចាប់យកនូវខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ជំរុញបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្ត ឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្តម្ភ និងជាក្បាលម៉ាស៊ីន ក្នុងការកសាង និង អភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយ ប្រកបដោយនវានុវត្តន៍។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវការណែនាំ ប្តូរទម្លាប់ពីការធ្វើការជាលក្ខណៈសាយឡូដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ស្មារតីសហការគ្នា ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល ៕