រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ ៧ មករា
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ ៧ មករាដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជនយុទ្ធនារីដ៏អង់អាចក្លាហាននៃយើង ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនដោយសារតែកត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាសម្រេចបានដោយការអនុវត្តនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។
នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងបុណ្យកម្សាន្តស្រុកសំបូរ ដែលប្រារព្ធឡើងនៅវត្តព្រះវិហារធំសសរ ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ បុណ្យផ្កាមហាសាមគ្គីដែលទទួលបានបច្ច័យប្រមាណជិត ៤០លានរៀល ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់វត្តព្រះវិហារធំសសរ ១០០។
នៅចំពោះមុខបរិស័ទដែលបានអញ្ជើញចូលរួម ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត ក៏ដូចជាការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះទាំងមូល។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាថ្នាក់ដឹកនាំទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែគិតគូរគ្រប់ពេលវេលាដើម្បីធ្វើឱ្យជាតិបានសុខសាន្ត និងបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារតាមរយៈការបង្កើតការងារធ្វើ បង្កើនចំណូល និងថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំនិងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត និងជាពិសេសសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្លាយជាប្រទេសអភិវឌ្ឍ ពលរដ្ឋមានចំណូលខ្ពស់។ ឯកឧត្តមថាដោយសារតែកត្តាសុខសន្តិភាព យើងមានឱកាសធ្វើអ្វីៗបានទាំងអស់។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ក៏ដូចជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងសមាជិក សមាជិកក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះទាំងអស់ អាជ្ញាធរមូលដ្ឋានដែលបានរួមសាមគ្គីគ្នាធ្វើបុណ្យផ្កាមហាសាមគ្គីដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលថ្មីសម្រាប់វត្តវិហារធំសសរ ១០០ ដោយទទួលបានបច្ច័យសរុបជិត ៤០លានរៀល។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនមគ្គផលកុសលផលបុណ្យដល់ម្ចាស់សទ្ធាទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕