ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារយុវជន អន ផានិត សិស្សនិទ្ទេស A ស្ថិតនៅខេត្តកំពត
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារយុវជន អន ផានិត សិស្សនិទ្ទេស A ស្ថិតនៅខេត្តកំពត ហើយជីវភាពក្រីក្រ។
ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់យុវជន អន ផានិត និងការលះបង់របស់ម្ដាយឪពុក ដែលជាជនពិការទាំងពីររូប ធ្វើឲ្យយុវជន អន ផានិត ទទួលបានការអាណិតស្រលាញ់ពីសម្ដេចទាំងទ្វេយ៉ាងខ្លាំង។
ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តឲ្យយុវជន អន ផានិត ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានកាន់តែល្អប្រសើរ ដើម្បីយកចំណេះវិជ្ជាទាំងនេះបម្រើមាតុភូមិ និងក្រុមគ្រួសារ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ ៕