ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញពីកម្ពុជា កំពុងយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤នេះ គឺ សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំរុញការរីកចម្រើន ជាពិសេសក្នុង វិស័យសហគ្រាសធុនតូច និងមធ្យម។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់បែបនេះ ក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងជំរុញផលិតភាព របស់សហគ្រាសឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃបន្ថែម។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបញ្ជាក់ថា ដើម្បីឆ្លើយតប នឹងការវិវត្តយ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងឌីជីថលូបនីយកម្ម កម្ពុជា យល់ច្បាស់ពីភាពចាំបាច់នៃការប្រើប្រាស់គ្រឿងឧបករណ៍ និងចំណេះដឹងចាំបាច់ ដើម្បីឱ្យ សហគ្រាសក្នុងស្រុក អាចរីកចម្រើនទៅមុខបានឆាប់រហ័ស ក្នុងស្ថានភាពនៃការ ប្រកួត ប្រជែងសាកលកាន់តែខ្លាំង។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងពិធីបើក ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នេះមានបច្ចេកវិទ្យាទំនើបថ្មីៗចូលរួម ដែលបង្ហាញពីភាពរីកចម្រើននៃយុគសម័យថ្មី ក្នុងនេះដូចជារ៉ូបូតឆុងកាហ្វេជាដើម។ ក្រៅពីនេះរ៉ូបូតបាញ់ថ្នាំ រ៉ូបូតបំពងសាច់មាន់ រ៉ូបូតលើក ដាក់ទំនិញ ម៉ាស៊ីនហាន់សាច់បានលឿន និងឆាប់រហ័ស ជាដើមក៏យើងអាចធ្វើបានផងដែរ។ នេះជាវឌ្ឍនភាពថ្មីមួយដែលយើងចង់ឱ្យបងប្អូនបានស្គាល់។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដែរថា ការរៀបចំពិធីនេះក្រៅពីបង្ហាញនូវការរីកចម្រើន នៃវិទ្យាសាស្រ្ត ហើយវាក៏ជាការបណ្តុះផ្នត់គំនិតឱ្យយើងស្រឡាញ់ផ្នែកវិទ្យាសាស្រ្តផង។ ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២នេះដែរ គេរំពឹងថានឹងអាចទាក់ ទាញមនុស្សចូលរួមប្រមាណ៣ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃនេះ។ ក្នុងពិធីនេះដែរមានក្រុមហ៊ុន ចំនួន១៣២បានចូលរួម។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថាជាកត្តាលីករ ដើម្បីជំរុញការសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងផងថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលរូមមានពិព័រណ៍វិទ្យាសាស្រ្ត និងពិព័រណ៍គ្រឿងឧបករណ៍ បានផ្តល់ជាវេទិកាមួយ សម្រាប់ការរីកចម្រើននៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដែលបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ យើងផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើសហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យពួកគាត់ចាប់យក បច្ចេកវិទ្យាមកបង្កើន ផលិតកម្ម គុណភាព និងផលិតភាពរបស់ខ្លួន។
គួរបញ្ជាក់ថា ក្នុងកម្មវិធីនេះក៏មានការចូលរួមពីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ប្រទេសថៃ និងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍ ឧស្សាហកម្ម រ៉ូបូត ដែលបង្ហាញពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៕