ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការអប់រំ និងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា ការអប់រំ និងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេងពិតជាមានសារៈសំខាន់ណាស់ ។
នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូសមាគមអ្នកភ្លេង នៅទីស្ដីការក្រសួងមុខងារសាធារណៈ។ ប្រតិភូដែលបានអញ្ជើញចូលរួមនាព្រឹកនេះ សុទ្ធសឹងជាសាស្ត្រាចារ្យដែលបានឆ្លងកាត់នៅការវិវត្តរបស់សង្គម និងវប្បធម៌ជាច្រើនជំនាន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការអប់រំ និងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេងពិតជាមានសារៈសំខាន់ណាស់ ហើយក៏បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍ ជូនទៅដល់សមាគមអ្នកភ្លេង ចូលរួមជាផ្នែកណាមួយនៅក្នុងយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យសមាគមកាន់តែមានសកម្មភាពផុលផុស និងធ្វើការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ តាមរយៈបទភ្លេងឱ្យកាន់តែទូលំទូលាយ។
ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតសមាគមអ្នកភ្លេងនេះ ដោយឯកឧត្តមបានបញ្ជាក់អំពីសារៈសំខាន់នៃវប្បធម៌ អរិយធម៌ និងសារៈសំខាន់នៃបទភ្លេងដែលជាការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសខ្មែរសម័យមុន ជាមួយនឹងសម័យបច្ចុប្បន្ន និងឆ្ពោះទៅកាន់ការថែរក្សាបាននូវអត្តសញ្ញាណនៃវប្បធម៌ខ្មែរឆ្ពោះទៅថ្ងៃអនាគត។
ក្នុងជំនួបខាងលើ ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង បានតំណាងដល់សមាគមអ្នកភ្លេងទាំងអស់ រៀបរាប់អំពីរបាយការណ៍ និងសកម្មភាព ដោយបានលើកឡើងថា សមាគមអ្នកភ្លេងត្រូវបានបង្កើតកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយឈរលើចក្ខុវិស័យ និងមានបេសកកម្មរបស់សមាគមអ្នកភ្លេងមានសូចនាករបីដែលជាក្នុងវិស័យវប្បធម៌៖ ១-ការអប់រំ បញ្ញាបនិងចែករំលែក ២-ការស្រាវជ្រាវ ចងក្រងសិល្បៈវប្បធម៌បុរាណខ្មែរ និង ៣-បង្កើតការងារឱ្យយុវជននិងលើកស្ទួយការងារសង្គមកិច្ច៕