ក្រុមគ្រួសារអតីតយុទ្ធជន និងពលរដ្ឋ មានជីវភាពលំបាកខ្វះខាត ១៥គ្រួសារ បានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចំនួន១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ឲ្យបានល្អប្រសើរ ។ ហើយត្រូវចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវគោល នយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគរបស់សម្តេចធិបតី ហ៊ុន ម៉ណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំង១៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន ៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ និងទឹកត្រីទឹកស៊ីអ៉ីវចំនួន១យួរ ផងដែរ ។
ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំង១៥គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់កន្លងមក និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕