មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ក្រើនរំលឹកពីវិន័យ និងតួនាទីភារកិច្ច ក្នុងកងយោធពលខេមរភូមិន្ទ ដល់កងកម្លាំងក្រោមឱវាទ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីគោរពទង់ជាតិត្រួតពិនិត្យចំនួនទ័ព ប្រចាំសប្តាហ៍ របស់កងពលតូចដឹកជញ្ជូនលេខ៩០ ឧត្តមសេនីយ៍ទោ ឈរ សុខ មានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ថា៖ យោធិនទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ ត្រូវតែមានវិន័យល្អ ក្រមសីលធម៌ថ្លៃថ្នូរ មានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែគោរព និងអនុវត្តឱ្យបានរាល់បទបញ្ជាថ្នាក់លើប្រគល់ជូន។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ឈរ សុខ បានសង្កត់ធ្ងន់ថា៖យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំ របស់រាជរដ្ឋាភិបាលដាច់ខាត អនុវត្តតាមគោលនយោបាយ ឈ្នះ ឈ្នះ និងការពារឱ្យបាននូវតម្លៃសន្តិភាព ទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ។
នៅចុងបញ្ចប់ ឯកឧត្តមមេបញ្ជាការកងពល បានសង្ឃឹមជឿជាក់លើនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ពិតជាគោរពវិន័យ ហើយអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ និងត្រូវជាឱ្យឆ្ងាយពីគ្រឿងញៀន ៕